ដោយ​ឆ្លង​កាត់​ពិសោធន៍​ផ្ទាល់​ខ្លួន គីរី បាន​ចាត់​ទុក​ថា ការ​ជាប់​ជា ​Freshie ម្នាក់​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ពោល​គឺ តម្រូវការ​ការព្យាយាម​ និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទើប​អាច​ទទួល​ជោគជ័យ​បាន។
គីរី​លើក​ឡើង​ថា​ “ខ្ញុំ​តែង​គិត​ថា​ខ្លួន​​គ្មាន​សំណាង​បាន​ជាប់​ជា​Freshie នោះ​ទេ”។ បេក្ខជន​​មក​ដាក់​ពាក្យ​សុទ្ធតែ​មាន​រូប​សម្បត្តិ និង​សមត្ថភាព​ខ្ពស់​ដូច​គ្នា។ ដូច្នេះ​ហើយ​លោក​តែង​ប្រយ័ត្នប្រយែង និង​ព្យាយាម​រិះរក​វិធី​យ៉ាង​ណា ដើម្បី​ធ្វើ​ខ្លួន​អាច​ជាប់​ក្នុង​ការ​ប្រឡង។
សុវណ្ណ​គីរី​សង្កត់​ធ្ងន់​ថា​បេក្ខជន​មក​ដាក់​ពាក្យ​ប្រឡង​កាល​ឆ្នាំ​នោះ​មាន​រហូត​ដល់​ជាង​៦០០០​នាក់ ហើយ​បេក្ខជន​ទាំង​អស់​មើល​ទៅ​សុទ្ធតែ​សង្ឃឹម​រៀងៗ​ខ្លួន​ថា​នឹង​អាច​ជាប់​ក្នុង​ការ​ប្រឡង​ប្រជែង។ លោក​តែង​គិត​ថា​ ខ្លួន​គ្មាន​សំណាង​អាច​ទទួល​បាន​ជ័យជម្នះ​ទេ តែ​ដោយ​ក្ដី​ស្រលាញ់ និង​ការ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន ធ្វើ​ឲ្យ​កម្លាំង​ចិត្ត​កាន់តែ​មាន​ឡើង។ រាល់​វគ្គ​ចម្រុះ​ម្ដងៗ លោក​តែង​ជាប់​រហូត មិន​ដែល​ធ្លាក់​ឡើយ។
“បើ​និយាយ​ពី​អារម្មណ៍​​វិញ​ភ័យ​ញាប់ញ័រ​រហូត ព្រោះ​អី​ពេល​គេ​ជម្រុះ​ម្ដងៗ​មិន​ដឹង​ថា​ខ្ញុំ​ឬ​មួយ​គេ​ឡើយ ដែល​អាច​ឈរ​ជើង​នៅ​វគ្គ​បន្ត​បាន ឬ​ដើរ​ចេញ​ពី​ការ​ប្រកួត។ ពេល​ខ្ញុំ​ត្រូវ​បាន​គេ​ប្រកាស​ថា​ អាច​ឈាន​ទៅ​វគ្គ​បន្ត​បាន​ខ្ញុំ​មាន​អារម្មណ៍​ស្បើយ​បន្តិច តែ​នៅ​ភ័យ​ដដែល ព្រោះ​អី​គេ​នឹង​ជម្រុះ​បន្ត​ទៀត”។
លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​អ្វី​​ជា​ការ​លំបាក​ខ្លាំង​នោះ​គឺ​ពេល​បេក្ខជន​ត្រូវ​បាន​គេ​ចម្រុះ​មក​ត្រឹម​តែ​៥០​នាក់​គេ​តម្រូវ​ឲ្យ​បេក្ខជន​ទាំង​អស់​រស់​នៅ​ជា​មួយ​គ្នា ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ កត្តា​ទាំង​អស់​នេះ​ហើយ​ដែល​ជួប​ការ​លំបាក ព្រោះ​អី​គេ​មើល​​លើ​អាកប្បកិរិយា និង​របៀប​នៃ​ការ​រស់​នៅ​របស់​បេក្ខជន​គ្រប់​រូប។
ប្រការ​ទាំង​នេះ​តម្រូវ​ឲ្យ​បេក្ខជន​មួយរូប​ៗ​ត្រូវ​ចេះ​ជួយ​យកអាសា​គ្នា មាន​ទំនួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង និង​អ្នក​ដទៃ​ទៀត។ អ្នក​ខ្លះ​ធ្លាប់តែ​ជា​កូន​អ្នក​មាន​ មិន​ដែល​ធ្វើ​អ្វី​ទាល់តែ​សោះ ដល់​ពេល​មក​រស់​នៅ​រួម​គ្នា​បែប​នេះ​ ត្រូវ​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន និង​លះបង់​អ្វីៗ​គ្រប់​បែប​យ៉ាង។ មិន​ដូច្នេះ​ទេ គណៈកម្មការ​​នឹង​វាយ​តម្លៃ​ដាក់​ពិន្ទុ​អាច​ធ្លាក់​ក៏​អាច​ថា​បាន ប្រសិន​ណា​បើ​មិន​យក​ចិត្ត​ទុក​ដាក់។
បន្ថែម​ពី​នេះ មូល សុវណ្ណ​គីរី ​បន្ត​ថា​ ​ចង់​ក្លាយ​ជា​ Freshie ឆ្នើម​មួយ​រូប​បាន​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ព្រោះ​ត្រូវ​ចំណាយ​ពេលវេលា និង​កម្លាំង​កាយ​ចិត្ត​គ្រប់​បែប​យ៉ាង។ សូម្បីតែ​គេង​ក៏​ត្រូវ​គិត​​ដល់​បញ្ហា​ទាំង​អស់​ហ្នឹង​ដែរ បើ​ប្រហែស​បន្តិច​នឹង​អាច​ធ្លាក់​បាន។ ជួន​កាល​ទៀត​អាច​ប៉ះពាល់​ទៅ​ដល់​ការ​សិក្សា​ក៏​មាន​ ដោយសារ​តែ​យក​ចិត្ត​ទុក​ដាក់​តែ​លើ​បញ្ហា​ទាំង​ហ្នឹង។
គីរី​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ Freshie ទើប​តែ​ជាប់​ថ្មីៗ​ មាន​លក្ខណៈ​ស្រួល​ជាង​កាល​ពី​លោក​ប្រឡង​សម័យ​មុន ព្រោះ​ថា​ បេក្ខជន​ជាប់​បច្ចុប្បន្ន​គេ​ជម្រុះ​នៅ​សល់​១១​នាក់​ដើម្បី​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ជយលាភី​យក​ដល់​ទៅ​៥​នាក់។ តែ​សម័យ​មុន​គេ​ជម្រុះ​រហូត​ដល់​អស់​តែ​ម្ដង ដោយ​ទុក​តែ​៥​នាក់​ប៉ុណ្ណោះ​ដើម្បី​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ក្នុង​ចំណោម​៥​នាក់​ហ្នឹង​គេ​យក​តែ​៣​នាក់​ទេ ដើម្បី​ក្លាយ​ជា​ជយលាភី។
បទ​ពិសោធន៍​​របស់​ សុវណ្ណ​គីរី​ គឺ ប្រសិន​បើ​យុវវ័យ​ចង់​ក្លាយ​ទៅ​ជា​Freshie ឆ្នើម​ ត្រូវ​ប្រាកដ​ខ្លួន​ឯង​ថា​មាន​សមត្ថភាព​ខាង​អ្វី​ពិត​ប្រាកដ ខាង​សម្ដែង​ ឬ​មួយ​ខាង​ចម្រៀង ដើម្បី​សម្ដែង​ឲ្យ​គណៈកម្មការ​មើល។ ម្យ៉ាង​ទៀត​ត្រូវ​ស្វែង​យល់​​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ ថា​តើ​ខ្លួន​មាន​ចំណុច​ខ្វះខាត​ត្រង់​ណា​ខ្លះ​ត្រូវ​បំពេញ​បន្ថែម។ អ្វី​ពិសេស​ជាង​នេះ​ទៀត​គឺ​ការ​រៀប​ចំ​ឥរិយាបថ​របស់​ខ្លួន​ ទាំង​ទឹក​មុខ​ កាយវិការ ពាក្យ​សម្ដី​ផ្សេងៗ។
មូល សុវណ្ណ​គីរី ​បាន​ប្រឡង​ជាប់​ជា​Freshie ក្នុង​ឆ្នាំ​២០០៦ ដោយ​ទទួល​បាន​ជយលាភី​លេខ​៣។ មក​ទល់​នឹង​ពេល​នេះ​ សុវណ្ណ​គីរី​ បាន​ក្លាយ​ជា​ពិធី​ករ​មួយ​រូប​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​​​អាស៊ីអាគ្នេយ៍ ក្នុង​កម្មវិធី​ “យុវតន្ត្រី​អាស៊ីអាគ្នេយ៍”។ ​លោក​ជា​កូន​កំព្រា​ម្ដាយ​​តាំង​ពី​អាយុ​១០​ឆ្នាំ​មក​ម្ល៉េះ។ ក្នុង​ចំណោមសមាជិក​គ្រួសារ​ទាំង​អស់​មិន​មាន​អ្នក​ណា​ម្នាក់​​ជា​អ្នក​​សិល្បៈ​នោះ​ទេ ពោល​គឺ​មាន​តែ​គីរី​ម្នាក់​គត់៕