ស្នេហា

ខ្ញុំ​ជោគជ័យ​ក្នុង​ជីវិត​ស្នេហា

សួស្ដី​សប្បាយ​និង​មិត្ត​ទាំង​អស់​នៅ​ទំព័រ​សប្បាយ​ខ្ញុំ​បាន​ចូល​រួម​ក្នុង​ទំព័រ​ស្នេហា​នេះ​ ហើយ​បាន​ដឹង​រឿង​របស់​មិត្ត​យុវវ័យ​យើង​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សោកស្ដាយ​និង​អាណិត​គាត់​ណាស់។ នាង​ខ្ញុំ​ក៏​សូម​ចូល​រួម​ចែក​រំលែក​ជា​បទពិសោធន៍​ក្នុង​ទំព័រ​នេះ​ផង​ដែរ ប៉ុន្តែ​រឿង​ខ្ញុំ​មិន​មែន​ជា​រឿង​ជូរចត់​ទេ​ដោយ​ខ្ញុំ​បាន​ទទួល​ផ្លែផ្កា​និង​សេចក្ដី​សុខ​ពី​ស្នេហា​របស់​ខ្ញុំ។
ពេល​ខ្ញុំ​រៀន​នៅ​ថ្នាក់​ទី​១២​ខ្ញុំ​មាន​សង្សារ​ជា​មិត្ត​រួម​ថ្នាក់​នឹង​គ្នា គាត់​អាយុ​ច្រើន​ជាង​ខ្ញុំ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ពួក​ខ្ញុំ​ស្រឡាញ់​គ្នា​ណាស់ ពេល​យើង​ប្រឡង​ជាប់​បាក់ឌុប​គាត់​ត្រូវ​ចូល​រៀន​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា​ ចំណែក​ខ្ញុំ​ប៉ាម៉ាក់​ចង់​អោយ​រៀន​ខាង​គណនេយ្យ។ ទោះ​យ៉ាង​ណា​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាប់​យក​មុខ​វិទ្យា​ព័ត៌មានវិទ្យា​ជា​មួយ​គាត់​ ព្រោះ​មិន​ចង់​ឃ្លាត​ឆ្ងាយ​ទេ​ដោយ​សារ​យុវវ័យ​ភាគ​ច្រើន​មាន​ស្នេហា​នៅ​កំឡុង​ពេល​រៀន​មហាវិទ្យាល័យ។
ដើម​ឡើយ​ក៏​មាន​ការ​ជំទាស់​ពី​អ្នក​ផ្ទះ​ខ្លះ​ដែរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ក្នុង​ការ​សម្រេច​ចិត្ត​រៀន​ផ្នែក​នេះ ប៉ុន្តែ​ទី​បំផុត​ទាំង​អស់​គ្នា​សុទ្ធ​តែ​គាំ​ទ្រ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ។ ថ្វី​បើ​ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​ជំនាញ​នេះ​ ហើយ​រៀន​មិន​សូវ​ពូកែ​ប៉ុន្តែ​ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា​ខ្ញុំ​ត្រូវ​តែ​រៀន​ជំនាញ​នេះ​អោយ​ចប់ ហើយ​ត្រូវ​តែ​អាច​ធ្វើ​ការ​បាន​ក្រោយ​បញ្ចប់​ការសិក្សា។ ការ​តាំង​ចិត្ត​ពិត​ជា​អាច​ឈាន​ទៅ​ដល់​គោល​ដៅ​មែន​ដោយ​មាន​មនុស្ស​ដែល​សំខាន់​ក្នុង​ជីវិត​ខ្ញុំ​នៅ​ជួយ​ជុំ​រុញ​និង​គាំទ្រ​ពី​ក្រោយ​រហូត។
ការ​ចាប់​យក​មុខវិជ្ជា​ដែល​ខ្លួន​មិន​ចូលចិត្ត​និង​រៀន​មិន​ពូកែ​គឺ​ជា​ការ​លះបង់​មួយ​នៅ​ក្នុង​ជីវិត​សិក្សា​ខ្ញុំ​ដឹង​ពី​រឿង​នេះ​ ប៉ុន្តែ​បណ្ដែត​បណ្ដោយ​អោយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ងាក​ចេញ​ទៅ​បាត់​ប្រាកដ​ជា​ការ​លះបង់​មួយ​កាន់​តែ​ធំ​ទៅ​ទៀត​ អញ្ចឹង​ហើយ​ទើប​ខ្ញុំ​មិន​ស្ដាយ​ហើយ​ក៏​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​នេះ​ដែរ។
ក្រោយ​រៀន​ចប់​គាត់​រក​ការងារ​បាន​ធ្វើ​មុន​ខ្ញុំ​ រយៈ​ពេល​មិន​មែន​ខ្លី​ទេ​ទើប​ខ្ញុំ​អាច​រក​ការងារ​ធ្វើ​បាន ខ្ញុំ​ខំ​featured,រក្សា​ទំនាក់ទំនង​នេះ​ណាស់។ ខ្ញុំ​មិន​ធ្វើ​ទន់​ជ្រាយ​ចំពោះ​គាត់​ទេ ខ្ញុំ​ជា​មនុស្ស​រឹង​មាំ​ជាមួយ​នឹង​អាជីព​ច្បាស់លាស់​មួយ​ក្រោយ​ពី​បញ្ចប់​ការសិក្សា ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ធ្វើ​ជា​មនុស្ស​ចចេស​ដែល​ធ្វើ​អោយ​គាត់​យល់​ថា​ពិបាក​សម្រប​ខ្លួន​តាម​ដែរ។
ទី​បំផុត​ពួក​ខ្ញុំ​បាន​រៀប​ការ​នៅ​ចុង​ឆ្នាំ​២០០៩ មក​ដល់​ពេល​នេះ​ពួក​យើង​មាន​កូន​ប្រុស​ម្នាក់​ហើយ​ ការ​រស់​នៅ​ក្នុង​ជីវភាព​មួយ​ដែល​សមរម្យ ខ្ញុំ​ពិត​ជា​រីករាយ​ក្នុង​ជីវិត​រស់​នៅ​ក្នុង​គ្រួសារ​មួយ​ដ៏​កក់​ក្ដៅ​នេះ​ណាស់។
ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ជូនពរ​អោយ​មិត្ត​យុវវ័យ​ទាំង​អស់​ទទួល​បាន​ជោគជ័យ​ក្នុង​រឿង​ស្នេហា ហើយ​រស់​នៅ​ប្រកប​ដោយ​សុភមង្គល៕ 

ឈ-ល៖ “ខ្ញុំ​រៀបការ​នៅ​សប្ដាហ៍​ក្រោយ”

ជម្រាប​សួរ​សប្បាយ​និង​មិត្ត​ទាំង​អស់​នៅ​លើ​គេហទំព័រ​នេះ ខ្ញុំ​ជា​អ្នក​អាន​សប្បាយ​ស្ទើរ​រាល់​ថ្ងៃ​ ខ្ញុំ​ដឹង​ថា​ពេល​ខ្ញុំ​មាន​រឿង​ពិបាក​បំផុត​មិន​ដឹង​ជា​ត្រូវ​និយាយ​ប្រាប់​នរណា​គឺ​មាន​តែ​សប្បាយ​តែ​ដែល​ទុក​ទំព័រ​ចំហ​អោយ​ខ្ញុំ​បាន​រៀប​រាប់​ពី​ទុក្ខ​សោក​និង​ក្ដី​កង្វល់​អស់​ពី​ក្នុង​ទ្រូង។
ដូច​សប្បាយ​និង​មិត្ត​ទាំង​អស់​បាន​អាន​ជីវិត​ស្នេហ៍​ពិត​របស់​ខ្ញុំ​ពី​ទំព័រ​កន្លង​មក​ហើយ គឺ​ក្រោយ​ពី​ខ្ញុំ​តស៊ូ​រាប់​ឆ្នាំ​មើល​ថែ​កំដរ​នាង​ នាង​ដុះ​ស្លាប​ក៏​ហើរ​ទៅ​បាត់ ពេល​នាង​បាក់​ស្លាប​ក៏​ត្រឡប់​មក​ខ្ញុំ​វិញ​។
ពេល​ខ្ញុំ​ផ្ញើ​ទំព័រ​ស្នេហ៍ ឈ-ល៖ “ហេតុអ្វី​អូន​ត្រឡប់​មក​វិញ” អោយ​សប្បាយ​ចុះ​ផ្សាយ​ខ្ញុំ​តែង​តែ​ចូល​អាន​មតិ​យោបល់​របស់​មិត្ត​ទាំង​អស់​ ហើយ​យក​មក​ទុក​ក្នុង​ចិត្ត​ខ្ញុំ​ដឹង​ថា មិត្ត​ទាំង​អស់​ពិត​ជា​ចង់​អោយ​ខ្ញុំ​បាន​ល្អ​មិន​ចង់​អោយ​ខ្ញុំ​ត្រឡប់​ទៅ​ជា​មនុស្ស​ទាត់​ខ្យល់​និង​ឈឺ​ចាប់​ជា​លើក​ទី​ពីរ​ក្នុង​ឆាក​ជីវិត​ទៀត​ទេ។
ដូច្នេះ​ហើយ​ក្រោយ​ពី​ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ ខ្ញុំ​ក៏​សម្រេច​យក​រឿង​នេះ​មក​សុំ​សប្បាយ​ចុះ​ផ្សាយ​ជា​លើក​ទី​បី​ដើម្បី​អោយ​មិត្ត​ទាំង​អស់​ដឹង​ថា រឿង​ខ្ញុំ​ដើរ​ដល់​ណាហើយ។ ជា​ការ​ពិត​ខ្ញុំ​បាន​ទទួល​មតិ​ច្រើន​ដែល​មិន​អោយ​ខ្ញុំ​ទទួល​នាង​ត្រឡប់​មក​វិញ ហើយ​ខ្ញុំ​យក​មក​គិត​និង​សួរ​ខ្លួន​ឯង​រាល់​ថ្ងៃ​ថា តើ​ខ្ញុំ​ត្រូវ​ជ្រើស​យក​ផ្លូវ​ណា​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​ក្នុង​ជីវិត​នេះ ហើយ​ក៏​ជា​មនុស្ស​ដែល​ធ្វើ​អោយ​ខ្ញុំ​ឈឺ​ចាប់​បំផុត​ដែល​ក្នុង​ជីវិត​នេះ។
ចុង​ក្រោយ​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​នាង​បំផុត​ក្នុង​ឆាក​ជីវិត​មែន​ទេ? ចម្លើយ​ “មែន” ដូច្នេះ​ខ្ញុំ​ដឹង​ថា​ ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​កុំ​ថា កំហុស​មួយ​ទោះ​កំហុស​មួយរយ​ក៏​អាច​លើក​លែង​អោយ​បាន​ដែរ។ ដើម្បី​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ខ្ញុំ​សម្រេច​ថា រឿង​កន្លង​ហួស​គឺ​ជា​យល់សប្ដិ​អាក្រក់​របស់​ពួក​យើង​ ពេល​នេះ​យើង​ភ្ញាក់​ទាំង​អស់​គ្នា​ហើយ យើង​ពិត​ជា​អាច​ចាប់​ផ្ដើម​សារ​ជា​ថ្មី​បាន​សម្រាប់​ឆាក​ជីវិត​ដែល​មិន​លើស​ពី​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ។
ខ្ញុំ​សូម​អរគុណ​រាល់​មតិ​របស់​មិត្ត​ទាំង​អស់​ដែល​បាន​ជួយ​លើក​ទឹក​ចិត្ត​តាំង​ពី​ពេល​ដែល​ខ្ញុំ​ពិបាក​ចិត្ត​បំផុត​រហូត​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​នៅ​ក្នុង​ឆាក​ជីវិត​នេះ។ ខ្ញុំ​ចង់​​ជម្រាប​សប្បាយ​​និង​មិត្ត​ទាំង​អស់​ថា “ថ្ងៃ​អាទិត្យ​ទី​២៧​ខែ​មីនា​ឆ្នាំ​២០១១​នេះ” ខ្ញុំ​នឹង​រៀប​ការ​ជា​មួយ​នាង​ហើយ ខ្ញុំ​សង្ឃឹម​ថា ការ​សម្រេច​ចិត្ត​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ហើយ​មិត្ត​ទាំង​អស់​នឹង​គាំទ្រ​ខ្ញុំ។
ជា​ចុង​ក្រោយ​ខ្ញុំ​សូម​អរគុណ​សប្បាយ​ដែល​បាន​ទុក​ទំព័រ​នេះ​សម្រាប់​ខ្ញុំ​បាន​រៀប​រាប់​ពី​រឿង​ដែល​ពិបាក​នឹង​ហារ​ស្ដី​ និង​មិត្ត​ទាំង​អស់​ជា​ទី​រាប់​អាន​ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​គិត​និង​ផ្ដល់​ជា​មតិ​ល្អៗ​ដល់​ខ្ញុំ។
ខ្ញុំ​នឹង​ស្រឡាញ់​មើល​ថែ​នាង​អោយ​ល្អ​ បើ​ទុក​ជា​មាន​រឿង​នេះ​ជា​លើក​ទី​ពីរ​ខ្ញុំ​នឹង​មិន​បន្ទោស​នាង​ឬ​ខ្លួន​ឯង​ទេ នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​ខ្ញុំ​ដើម្បី​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់៕
ឈ-ល៖ “ខ្ញុំ​រៀបការ​នៅ​សប្ដាហ៍​ក្រោយ”