សុខភាព​ និង​ សម្រស់

សាច់​ក្រហម​បង្កើន​គ្រោះ​ថ្នាក់​ជំងឺ​ទឹក​នោម​ផ្អែម

ការ​ស្រាវជ្រាវ​នៅ​អាមេរិក​បាន​រក​ឃើញ​ថា​ ការ​ញ៉ាំ​សាច់​ក្រហម​ដូច​ជា​សាច់​គោ​ឬ​ប្រភេទ​សាច់​ផ្សេង​ទៀត​ជា​រៀងរាល់​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​បំផុត​ដល់​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។
mylifestages
ក្រុម​ជំនាញ​នៅ​សាកលវិទ្យាល័យ​Harvard ផ្នែក​សុខភាព​បាន​បង្ហាញ​ថា ទម្លាប់​ញ៉ាំ​សាច់​ក្រហម​ស្រស់​១០០ក្រាម​រាល់​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​កើន​ឡើង​គ្រោះ​ថ្នាក់​​ដល់១៩%។ ជាង​នេះ​ទៅ​ទៀត បើ​ពិសា​សាច់​ក្រហម​ដែល​ឆ្លង​កាត់​ការ​ផលិត​នឹង​នាំ​ឲ្យ​គ្រោះ​ថ្នាក់​កាន់​តែ​កើន​ឡើង​ដល់ទៅ​​៥១%។ តែ​ទោះ​ជា​យ៉ាង​ណា​គ្រោះ​ថ្នាក់​នឹង​ថយ​ចុះ​បើ​សាច់​ក្រហម​ត្រូវ​ជំនួស​ដោយ​សាច់​ស​ បន្លែ​ផ្លែ​ឈើ​ គ្រាប់​ធញ្ញជាតិ​និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច។
ជំងឺ​ទឹក​នោម​ផ្អែម​ផ្ដល់​ផល​ប៉ះពាល់​ដល់​មនុស្ស​ជិត​៣៥០លាន​នាក់​ទូទាំង​ពិភពលោក ហើយ​ជាង​១១%​នៃ​មនុស្ស​ដែល​មាន​វ័យ​លើស​​២០ឆ្នាំ​នៅ​អាមេរិក​កំពុង​មាន​ជំងឺ​នេះ។
ជំងឺ​ទឹកនោម​ផ្អែម​ចែក​ជា​២គឺ​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១និង​ទី២។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី១ ច្រើន​កើត​ចំពោះ​កុមារ​និង​យុវវ័យ​ហើយ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២អាច​កើត​គ្រប់​វ័យ​និង​ជា​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ទាក់ទង​នឹង​កម្រិត​ស្ករ​ខ្ពស់​នៅ​ក្នុង​ឈាម ហើយ​ជា​ទូទៅ​កើត​ឡើង​ដោយសារ​តែ​លើស​ទម្ងន់​ ខ្វះ​លំហាត់​ប្រាណ និង​ទម្លាប់​ញ៉ាំ​អាហារ​គ្មាន​សុខភាព។



អារម្មណ៍​តានតឹង​កើត​ពី​អ្នក​ឬ​អ្នក​ដទៃ?

ជំងឺ​តានតឹង​គឺ​ជា​អារម្មណ៍​មួម៉ៅ​ ធុញ​ថប់ តប់​ប្រមល់ ឆាប់​ខឹង សុញ​គំនិត​ គិត​អ្វី​មិន​ចេញ ហើយ​ធ្វើ​អ្វី​តែងតែ​តម្រូវ​ចិត្ត​ខ្លួន​ឯង​ មិន​ចុះ​សម្រុង​នឹង​អ្នក​ដទៃ​ ឃើញ​តែ​កំហុស​គេ​រហូត។
មិន​ថា​អ្នក​មាន​ឬ​អ្នក​ក្រ​នោះ​ទេ​ តែង​តែ​ជួប​នូវ​ហេតុការណ៍​ផ្សេងៗ​ និង​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​មាន​បញ្ហា​ តែ​ខុស​គ្នា​ត្រង់​ថា អ្នក​ខ្លះ​មិន​បាន​យក​បញ្ហា​ទាំង​នោះ​មក​ដាក់​ក្នុង​ចិត្ត​ តែ​អ្នក​ខ្លះ​យក​មក​ដាក់​ក្នុង​ចិត្ត​រហូត​មាន​អារម្មណ៍​តាន​តឹង​ដែល​អាច​បង្កជា​ជំងឺ។
sheerbalance
មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​អារម្មណ៍​តានតឹង​គឺ​ ដោយ​សារ​បញ្ហា​ការងារ មាន​ការងារ​ច្រើន ការ​សិក្សា​ច្រើន គិត​ច្រើន ដោយ​ពុំ​មាន​ពេល​វេលា​សម្រាប់​សម្រាក​កម្សាន្ត​ដើម្បី​ទទួល​យក​បរិយាកាស​វិជ្ជមាន​ ឬ​ក៏​មិន​បាន​ជជែក​គ្នា​លេង​ជាមួយ​មិត្តភ័ក្ដិ​និង​ជួបជុំ​បង​ប្អូន​ជា​ដើម។ នៅ​ពេល​មាន​អារម្មណ៍​តានតឹង​អូស​បន្លាយ​យូរ​ទៅ​ អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ក្លាយ​ជា​មនុស្ស​វិកល​ចរិត​។
នៅ​ពេល​ដែល​មាន​ជំងឺ​អារម្មណ៍​តានតឹង​ ធ្ងន់ធ្ងរ វិធី​ដែល​ល្អ​អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​​គ្រូ​ពេទ្យ​ចិត្តសាស្ត្រ​ ដើម្បី​ឲ្យ​គាត់​ពន្យល់​ផ្នែក​ចិត្តសាស្ត្រ​និង​ផ្ដល់​ឱសថ​មួយ​ចំនួន។ ជា​ពិសេស​ ត្រូវ​ឲ្យ​អ្នក​ជំងឺ​និយាយ​ឲ្យ​បាន​ច្រើន​ និង​មិន​ត្រូវ​ប្រឆាំង​នឹង​គំនិត​របស់​គាត់​ទេ តែ​ក្រោយ​មក ​នៅ​ពេល​ដែល​អ្នក​ជំងឺ​មាន​អារម្មណ៍​ស្ងប់​ ទើប​ពន្យល់​ហេតុផល​។ បើ​អ្នក​ជំងឺ​ស្ដាប់​ហេតុ​ផល​បាន​ នោះ​ជា​សញ្ញា​វិជ្ជមាន​របស់​គាត់​ហើយ។
ម្យ៉ាង​ទៀត​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​តានតឹង​ អ្នក​ជំងឺ​ចាំបាច់​ត្រូវ​ជ្រើសរើស​ពេល​វេលា​សមរម្យ​ ដើរ​កម្សាន្ត​និង​ជជែក​គ្នា​លេង​ជាមួយ​អ្នក​ដែល​ពេញ​ចិត្ត​ឲ្យ​បាន​ញឹកញាប់​។ មិន​តែ​ប៉ុណ្ណោះ​ អ្នក​ត្រូវ​ឆ្លាត​ពេល​សមាធិ​បន្ធូរ​អារម្មណ៍ និង​ដក​ដង្ហើម​វែងៗ​ឲ្យ​បាន​ញឹកញាប់​ នោះ​ពិត​ជា​​អាច​កាត់​បន្ថយ​អារម្មណ៍​តានតឹង​បាន៕



ជំងឺ​អាថ៌កំបាំងរបស់​ស្ត្រី

ទ្វារមាស​ជា​កន្លែង​ដែល​សំបូរ​មេរោគ​ងាយ​នឹង​បង្ក​ជំងឺ​ខ្លាំង​ណាស់។ ដូច្នេះ​ជំងឺ​ទ្វារមាស​តែងតែ​កើត​នៅ​លើ​ប្រដាប់​ភេទ​ស្ត្រី។ ជំងឺ​ទ្វារមាស​រួម​មាន​ ការ​រលាក​ទ្វារមាស​ដែល​បណ្ដាល​ឲ្យ​ក្រហាយ ពិបាក​ក្នុង​ការ​រួម​ភេទ និង​បណ្ដាល​ឲ្យ​ធ្លាក់​ស ជំងឺ​សិរមាន់ បូស​នៅ​លើ​ប្រដាប់​ភេទ ជំងឺ​ផ្សិត ឬ​មាន​ដុំ​នៅ​លើ​ទ្វារមាស​ជា​ដើម។ តែ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ នឹង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​មហារីក​ទ្វារមាស។
មាន​កត្តា​ជា​ច្រើន​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​ទ្វារមាស​ តែ​ជា​ទូទៅ​​ជំងឺ​ប្រភេទ​នេះ​កើត​ឡើង​ដោយ​សារ​ខ្វះ​​អនាម័យ​ត្រង់​​ប្រដាប់​ភេទ។ ជំងឺ​នេះ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ធ្វើ​ឲ្យ​មាន​ការ​ចុកចាប់​ត្រង់​ប្រដាប់​ភេទ​ពិបាក​ក្នុង​ការ​រួមភេទ ខាត​បង់​ទាំង​ប្រាក់​និង​ពេល​វេលា​ក្នុង​ការ​ព្យាបាល​ ។ តែ​សូម​ប្រយ័ត្ន​ ក្នុង​ករណី​ដែល​ព្យាបាល​មិន​ទាន់​ពេល​ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​ថែម​ទៀត​ផង។
ដូច្នេះ​ដើម្បី​កុំ​ឲ្យ​កើត​ជំងឺ​​ទ្វារមាស​ ស្ត្រី​គ្រប់​រូប​ត្រូវ​មាន​អនាម័យ​ប្រដាប់​ភេទ​ឲ្យ​បាន​ល្អ។ នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ត្រង់​ប្រដាប់​ភេទ​ គួរ​តែ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​ពេទ្យ​ជំនាញ និង​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ពស់​ដើម្បី​កុំ​ឲ្យ​មេរោគ​រីក​រាលដាល​ថែម​ទៀត ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល៕






៤ចំណុច​​សម្រាប់​សម្រស់

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ព្រះអាទិត្យ​តែង​ឡើង​កម្ដៅ​ បញ្ហា​ក៏​ចេះ​តែ​កើត​ឡើង​ចំពោះ​ស្បែក​ស្ត្រី។ ស្ត្រី​មួយ​ចំនួន​ខក​ចិត្ត​ចំពោះ​ផលិតផល​ ហើយ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​បញ្ហា​ស្បែក។ ស្ត្រី​ខ្លះ​បែរ​មក​ស្វែង​យល់​ពី​គន្លឹះ​ងាយៗ​ដែល​មាន​ប្រយោជន៍​ដល់​ស្បែក។ ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ជួយ​ដល់​ស្បែក​របស់​អ្នក​៖
ញ៉ាំ​ទឹក​ឲ្យ​ច្រើន
មិត្ត​យុវវ័យ​ប្រហែល​ជា​ឆ្ងល់​ពី​ទំនាក់ទំនង​រវាង​ទឹក​និង​ស្បែក​ស្អាត។ ដូច​ដែល​មិត្ត​អ្នក​អាន​ធ្លាប់​ដឹង​ហើយ ទឹក​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​រាងកាយ។ បើ​រាងកាយ​មាន​ទឹក​គ្រប់គ្រាន់​វា​ជួយ​ថែ​រក្សា​ស្បែក​ឲ្យ​មាន​សំណើម​និង​ភ្លឺ​រលោង​ តែ​បើ​ខ្វះ​ជាតិ​ទឹក​វិញ ស្បែក​របស់​អ្នក​នឹង​ស្ងួត​ ជ្រីវជ្រួញ​និង​ខ្វះ​ភាព​បត់បែន។ ដូច្នេះ​ការ​ពិសា​ទឹក​ច្រើន​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ស្បែក​ស្អាត។
ក្រូច​ឆ្មារ
យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​ក្រូច​ឆ្មារ​គឺ​ពោរពេញ​ទៅ​ដោយ​វីតាមីន​C ។ វីតាមីន​C អាច​ជួយ​ឲ្យ​ស្បែក​រលោង ពន្យារ​ភាព​ចាស់ ព្រមទាំង​លុប​បំបាត់​ស្នាម​អុច​ខ្មៅ​និង​ភាព​ជ្រីវជ្រួញ។ យោង​តាម​ការ​ស្រាវជ្រាវ​ក្រូច​ឆ្មារ​អាច​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​មហារីក​ស្បែក​បាន។ និយាយ​រួម​ទៅ​ក្រូចឆ្មារ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​គាំពារ​ស្បែក​ឲ្យ​ស​និង​មាន​សុខភាព​ល្អ។ វិធី​ដែល​ងាយ​បំផុត​អ្នក​គ្រាន់​តែ​យក​ចំណិត​ក្រូចឆ្មារ​ដាក់​ក្នុង​ទឹក​ បន្ទាប់​មក​ញ៉ាំ​ជា​ការ​ស្រេច។ វិធី​មួយ​ទៀត​អ្នក​គ្រាន់​តែ​យក​ចំណិត​ក្រូច​មក​បិទ​លើ​ផ្ទៃ​មុខ​ប៉ុន្មាន​នាទី​ក្រោយ​មក​ទើប​លាង​ចេញ។ បើ​អ្នក​អនុវត្ត​បែប​នេះ​នៅ​ពេល​ល្ងាច​នោះ​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព។
ត្រី
អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ញ៉ាំ​ត្រី​៣ដង​ក្នុង​១សប្ដាហ៍​ អាច​ការពារ​អ្នក​ពី​ការ​វាយប្រហារ​របស់​​កម្ដៅ​ព្រះអាទិត្យ​បាន។ ការ​ញ៉ាំ​ត្រី​ជា​ទម្លាប់​គឺ​ជា​រនាំង​ការពារ​បែប​ធម្មជាតិ​មួយ​ដែល​មាន​ប្រយោជន៍​ស្រដៀង​ទៅ​នឹង​ការប្រើប្រាស់​ផលិតផល​ដែរ។
លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ
យើង​អាច​និយាយ​បាន​ថា​ការ​លាប​ឡេ​គឺ​ពិត​ជា​សំខាន់​។ មាន​អ្នក​ខ្លះ​ប្រហែល​ជា​យល់​ថា​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មាន​តួនាទី​ត្រឹម​តែ​ការពារ​ប៉ុណ្ណោះ​ តែ​ការ​ពិត​មិន​មែន​ទេ បើ​អ្នក​មិន​លាប​វា​ទេ​ស្បែក​របស់​អ្នក​នឹង​ប្រែ​ពណ៌​ខ្មៅ។